ទីតាំងភូមិសាស្រ្ត
ប្រាសាទបន្ទាយសំរែស្ថិតនៅខាងកើតបារាយណ៍យសោធរតដាក
(បារាយណ៍ខាងកើត) ហើយស្ថិតនៅចម្ងាយប្រហែល ២គីឡូម៉ែត្រពីភូមិព្រះដាក់
នៅខាងត្បូងផ្លូវពីប្រដាកទៅភ្នំបូក ។
ប្រាសាទបន្ទាយសំរែមានទីតាំងស្ថិតនៅក្នុងភូមិព្រះដាក ឃុំព្រះដាក ស្រុកបន្ទាយស្រី
ខេត្តសៀមរាប។
ប្រាសាទបន្ទាយសំរែកសាងឡើងនៅពាក់កណ្តាលគ្រិស្តសតវត្សទី១២
ឧទិ្ទសដល់ព្រហ្មញ្ញសាសនានិកាយព្រះនារាយណ៍ ។ យើងសូមលើកយកពាក្យបន្ទាយសំរែនេះមកពន្យល់
បន្ទាយ គឺមានកំពែងព័ទ្ធជុំវិញ ចំណែក សំរែ
ជាតិមនុស្សអ្នកព្រៃមួយពួកកើតនៅក្នុងកម្ពុជាដូច្នេះឈ្មោះដែលហៅថាបន្ទាយសំរែនេះគឺប្រហែលជាទាក់ទងទៅនឹងទីតាំងដែលមានកំពែងខ្ពស់ជុំវិញ
ហើយដែលមានស្តេច និងអ្នកបម្រើដែលជាជនជាតិសំរែរស់នៅទីកន្លែងនេះ ។
ឈ្មោះបន្ទាយសំរែនេះគឺទាក់ទងនិងប្រវត្តិពិតដែលថានៅម្តុំភូមិ ប្រដាក ដែលកាលដើមឡើយ
គឺមានជនជាតិសំរែរស់នៅពិតមែន ហើយសព្វថ្ងៃគេសង្ស័យថា ប្រជាជននៅប្រដាកនេះមានជីដូនជីតា
ជាជនជាតិសំរែ ដែលគេយកមកឲ្យយាមប្រាសាទ ។ ជាពិសេស ពួកសំរែនៅភ្នំក្រវាញបាននិយាយថា
មានបងប្អូននៅអង្គរហើយប្រហែលជាមានអ្វីមួយនៅបន្ទាយសំរែនេះ ។ ដូចច្នេះ
ឈ្មោះនៃប្រាសាទសំររែនេះ គឺទាក់ទង់នឹងប្រវត្តិសាស្រ្តពិតដែលទាក់ទង់ទៅនិងរឿងព្រេង
និងទាក់ទង់និងទីតាំងរូបរាងរបស់ប្រាសាទនេះ៕
ស្ថាបត្យកម្មប្រាសាទ
ប្រាសាទបន្ទាយសំរែត្រូវបានសាងសង់អំពីថ្មភក់ផ្សំជាមួយថ្មបាយក្រៀម
ដែលយើងនិងឃើញជញ្ជាំងរបស់សាលវែងព័ន្ធជុំវិញដោយខ្ពស់សន្លឹម
និងគ្រឹះខាងក្នុងរបស់ប្រាសាទត្រូវបានសាងសង់អំពីថ្មបាយក្រៀម
ហើយដំបូលរបស់សាលវែងព័ន្ធជុំវិញតួប្រាសាទសាងសង់អំពីឈើនិងប្រក់ក្បឿង។
ប្រាសាទនេះមានផ្លូវដើរសម្រាប់ចេញចូលបែរទៅទិសខាងកើតប្រវែងប្រហែល២០០ម៉ែត្រអមដោយបង្កាន់ដៃនាគអមសង់ខាងផ្លូវចូលបន្ទាប់មកមានរូបសំណាក់តោមួយគូរកំពុងឈរយាមផ្លូវចូល។
ហោត្រៃ និងថែវ
នៅក្នុងប្រាសាទនេះមានអាគារហោត្រៃចំនួនពីរនៅសងខាងផ្លូវចូលរបស់តួប្រាសាទ
ហោត្រៃនេះធ្វើអីថ្មភក់លើកផុតខ្ពស់ពីបាតនៃខឿនហើយមានលម្អទ្វារពីរគឺទ្វារបញ្ឆោតមួយបែរទៅទិសខាងកើតនិងទ្វារពិតបែរទៅទិសខាងលិច។
នៅលើក្លោងទ្វារទាំងពីរក៏មានលម្អហោជាងប្រកបដោយរឿងទេវកថា។
ថែវព័ន្ធជុំវិញប្រាសាទចំនួនពីរជាន់សាងសង់អំពីថ្មបាយក្រៀមប៉ុន្តែក្លោងទ្វារនិងបង្អួចធ្វើអំពីថ្មភក់។
ថែវទីមួយផ្នែកខាងក្រៅមានសភាពបាក់បែកខូចខាតយ៉ាងដំណំ
ហើយកាលពីមុនថែវនេះទំនងមានដំបូលប្រក់ក្បឿងទ្រដោយឈើព្រោះយើងអាចមើលឃើញប្រហោងខ្លះៗសម្រាប់ធ្វើជាដំបូល។
ស្ទើរតែគ្រប់ផ្នែកនៃខ្លោងទ្វារគ្រប់ទិសទាំងបួនមានលម្អហោជាងប្រកបដោយក្បាច់ចម្លាក់រឿងទេវកថាក្នុងសាសនាព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនា។
សិលាចារឹក
ប្រាសាទនេះមិនត្រូវបានគេរកឃើញសិលាចារឹកសម្បូរបែបដូចប្រាសាទផ្សេងទៀតនោះទេ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ប្រាសាទនេះត្រូវបានអ្នកសិក្សាផ្នែងសំណង់ស្ថាបត្យកម្មនិងសិល្បៈបុរាណបានសិក្សាឃើញថាប្រាសាទបន្ទាយសំរែមានលក្ខណៈសំណង់ស្ថាបត្យកម្មនិងសិល្បៈស្រដៀងទៅនឹងរចនាបទប្រាសាទអង្គរវត្ត
ដូច្នេះពួកគេអាចធ្វើសេចក្តីសន្និដ្ឋានថា
ប្រាសាទបន្ទាយសំរែត្រូវបានកសាងនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២។
ប្រាង្គកណ្តាល
តួកណ្តាលប្រាសាទនេះមានរាងជាអក្សរធី
ដែលលយចេញទៅទិសខាងកើតនិងមានទ្វារចំហមួយផងដែរ រីឯទ្វារបីទៀតដែលបែរមុខទៅទិសខាងជើង
ខាងត្បូង
និងទិសខាងលិចត្រូវបានបិទជិតដោយមានក្បាច់ចម្លាក់យ៉ាងល្អឯកនៅក្នុងផ្តៃទ្វារហើយនៅពីលើខ្លោងទ្វារក៏មានលម្អក្បាច់ចម្លាក់រឿងទេវកថាខ្លះផង។
នៅផ្នែកខាងក្នុង យើងឃើញមានប្រអប់មួយធ្វើអំពីថ្មភក់ ហើយមានគម្រប់នៅពីលើនិងមានប្រហោង
ឬចំពួយមួយនៅផ្នែកខាងក្រោមនៃបាត។
ប្រអប់នេះត្រូវបានគេចាប់ទុកថាជាមឈូសសម្រាប់ផ្ទុកសាកសពហើយចំពួយនៅខាងក្រោមគឺជារន្ធបង្ហូរទឹកដែលហូរចេញពីសាកសពហើមរលួយរីឯរន្ធដែលគេបានចោះនៅកណ្តាលគម្របខាងលើសម្រាប់បញ្ចេញឧស្ម័ន
ឬដើម្បីបញ្ចូលខ្សែរអំបោះស
ឬសាច់ក្រណាត់សសម្រាប់ជាការទំនាក់ទំនងគ្នារវាងអ្នកស្លាប់និងអ្នករស់។
ឯកសារយោង
1. ដកស្រង់ចេញពីសៀវភៅតំបន់ទេសចរណ៍នៃប្រទេសកម្ពុជា
ដែលរៀបចំចងក្រងដោយ លោក កែវ ភួង
2. ហ្សក សឺដែស្ត ដើម្បីយល់កាន់ច្បាស់អំពីអង្គរ
ប្រែសម្រួលជាភាសាបារាំងដោយលោក ម៉ុញ សារិ និងរៀបចំបោះពុម្ពដោយ ពន់ ឆាយ
ទំព័រទី៤៦ដល់៤៧ បារីស ឆ្នាំ១៩៤៧។
Comments
Post a Comment